ព្រឹត្តិការណ៍

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ
ជួបប្រតិភូមកពីទីក្រុង Xiamen ប្រទេសចិន

នៅរសៀលថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០១៣ ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួបប្រតិភូមកពីទីក្រុង Xiamen ខេត្ដ Fujian ប្រទេសចិន ដឹកនាំដោយលោក Hong Chengzong អគ្គនាយកនៃការិយាល័យកិច្ចការការបរទេសទីក្រុង Xiamen ដើម្បីពិភាក្សាការងារនៅទីស្ដីការក្រសួង ។

លោក Hong Chengzong អគ្គនាយកនៃការិយាល័យកិច្ចការការបរទេសទីក្រុង Xiamen បានជម្រាបជូនពី គោលបំណងនៃជំនួបពិភាក្សា គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ រវាងទីក្រុង Xiamen និង កម្ពុជា ព្រមទាំងគោរពអញ្ជើញឯកឧត្ដមទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ ដើម្បីចូលរួមក្នុងពិធី បុណ្យវប្បធម៌ណានយ៉ាងលើកទី៤ (4th Nanyang Culture Festival) ដែលនឹងប្រារព្វធ្វើពីថ្ងៃទី ២៩ ខែ មីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ នៅទីក្រុង Xiamen ប្រទេសចិនក្រោមប្រធានបទ ៉បេតិកភ័ណ្ឌរួម និងចែក រំលែកអនាគត“ (Common Heritage ,Shared Future). ជាមួយគ្នានេះ លោក Hong Chengzong ក៏បានលើកឡើង ពីសក្ដានុពលរបស់ទីក្រុង Xiamen ដោយបាន បញ្ជាក់ថាៈទីក្រុង Xiamen ស្ថិតនៅឆ្នេរភាគអាគ្នេយ៍នៃប្រទេសចិន ខាងលិចទីក្រុងតៃវ៉ាន់ បានក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដែលបានអនុម័តលើកដំបូងនៅក្នុងប្រទេសចិន ហើយជាទីក្រុង ទេសចរណ៍ដ៏មានសក្ដានុពលដែលមានភ្ញៀវទេសចរណ៍មកទស្សនាកំសាន្ដ ៤០លាននាក់ក្នុងមួយឆ្នាំ និងមានកំណើនផលិត ផលសរុបក្នុងស្រុកចំនួន៧.៨ ពាន់លានដុល្លាអាមេរិក ។ ទីក្រុង Xiamen ជាទីក្រុងសម្បូរណ៍ដោយប្រជុំកោះ ភ្នំ និងឆ្នេរ ដ៏ស្រស់ស្អាត ចែកចេញជារដ្ឋបាលស្រុកចំនួន៦ មានផ្ទៃដីសរុបចំនួន ១.៥៦៩ គីឡូម៉ែតក្រឡា មានផ្ទៃទឹកចំនួន៣៤០ គីឡូម៉ែត្រក្រឡា មានប្រជាពលរដ្ឋរស់នៅ ជាង ៣លានកន្លះ នាក់ ។

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានសំដែងការស្វាគមន៍ និងបានលើកឡើង ពីទំនាក់ទំនងដ៏ល្អរវាង កម្ពុជា-ចិន តាំងពីយូរលង់មកហើយ ដូចមាន ចារលើសីលាចរិក ស្រាប់ក្នុងប្រាសាទអង្គរវត្ដ ។ ដោយឡែកសម្រាប់ ប្រជាជនទីក្រុង Xiamen ក៏មានទំនាក់ទំនងជាយូរមកហើយនៅកម្ពុជា ជាពិសេសជាមួយប្រជាជនខេត្ដកំពត របស់កម្ពុជា លើការប្រាស្រ័យទាក់ទងគ្នាផ្នែកដោះដូរទំនិញ និងទំនាក់ទំនងប្រជាជន ដែលបច្ចុប្បន្ននេះ ប្រជាជនដើមកំណើតចិន មកពី ទីក្រុង Xiamen បានរស់នៅតវង្សត្រកូលជាច្រើនក្នុងខេត្ដកំពតផងដែរ ។ កត្ដានេះ ឯកឧត្ដមបាន ស្នើឱ្យទីក្រុង Xiamen និង ខេត្ដកំពត ពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ពង្រឹងការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទេសចរណ៍ បង្កើត ឱ្យមានជើងហោះហើរដោយត្រង់ ព្រមទាំងពិនិត្យលទ្ធភាពបង្កើតឱ្យមានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុង Xiamen ផង ដែរ ។ ទាក់ទង និងការអញ្ជើញ ឯកឧត្ដម ដើម្បីចូលរួមក្នុងពិធីបុណ្យវប្បធម៌ណានយ៉ាងលើកទី៤ ឯកឧត្ដម នឹងត្រូវសុំការ អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដោយឯកឧត្ដម ចាត់ទុកថា ពិធីបុណ្យនេះមិនត្រឹមមាន សារៈសំខាន់ផ្នែកផ្លាស់ប្ដូរវប្បធម៌ និងទេសចរណ៍ទេ តែលើការពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម ផងដែរ ។


  • Today: 0
  • This Month: 0
  • Visitors: 142649
Copyright © 2008-2018
All Rights Reserved.